អ្នកនាំពាក្យក្រសួងមហាផ្ទៃថា ការឃាត់ខ្លួនលោកញឹក ប៊ុនឆៃមិនពាក់ព័ន្ធនឹងរឿងនយោបាយ
លោក ខៀវ សុភ័គ និយាយថា ពាក់ព័ន្ធនឹងការបន្តនីតិវិធីឲ្យនាំខ្លួនលោក ញឹក ប៊ុនឆៃ មកឆ្លើយបំភ្លឺនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងហេតុការណ៍កើតឡើងកាលពី១០ឆ្នាំមុន គឺជាការសម្រេចរបស់តុលាការ ដែលលោកថា សមត្ថកិច្ចគ្រាន់តែជាអ្នកធ្វើតាមការបញ្ជារបស់តុលាការតែប៉ុណ្ណោះ។
ភ្នំពេញ —
តុលាការរាជធានីភ្នំពេញសម្រេចនាំខ្លួនលោក ញឹក ប៊ុនឆៃ អតីតមេបញ្ជាការយោធារបស់គណបក្សហ៊្វុនស៊ិនប៉ិច ទៅសាកសួរជាបន្ទាន់កាលពីថ្ងៃព្រហស្បតិ៍ពាក់ព័ន្ធនឹងការផលិតគ្រឿងញៀនខុសច្បាប់កាលពីឆ្នាំ ២០០៧។ ការឃាត់ខ្លួនអតីតមេទ័ពរូបនេះធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីព្រះមហាក្សត្របញ្ចប់តំណែងចុងរបស់លោក។ មន្ត្រីរដ្ឋាភិបាលអះអាងថា ការឃាត់ខ្លួនលោក ញឹក ប៊ុនឆៃ មិនមានការពាក់ព័ន្ធនយោបាយអ្វីនោះទេ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃអះអាងនាថ្ងៃសុក្រនេះថា ការឃាត់ខ្លួនលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សរួបរួមជាតិ និងជាអតីតទីប្រឹក្សារដ្ឋាភិបាលកម្ពុជា ដែលទើបត្រូវបានដកតំណែង គឺពាក់ព័ន្ធនឹងការទទួលផលពីការផលិតគ្រឿងញៀនកាលពី១០ឆ្នាំមុន មិនពាក់ព័ន្ធនឹងហេតុផលនយោបាយណាមួយនោះទេ។
លោក ញឹក ប៊ុនឆៃ អតីតមេបញ្ជាការយោធារបស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលបច្ចុប្បន្នជាប្រធានគណបក្សខ្មែររួបរួមជាតិកាលពីព្រហស្បតិ៍ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរចម្លើយ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ។
តាមដីកាបញ្ជាឲ្យនាំខ្លួនចេញកាលពីថ្ងៃទី៣ខែសីហា ដែលចុះហត្ថលេខាដោយលោកព្រះរាជអាជ្ញារង សៀង សុខ បានបង្គាប់ឲ្យកម្លាំងមានសមត្ថកិច្ចនាំខ្លួនលោក ញឹក ប៊ុនឆៃ មកបង្ហាញខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿងសមគំនិតពីបទផលិតគ្រឿងញៀនខុសច្បាប់ និងនាំសារធាតុសម្រាប់ផ្សំគ្រឿងញៀនប្រព្រឹត្តនៅចំណុចភូមិទី ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០០៧។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា សមត្ថកិច្ចបានទៅនាំខ្លួនលោក ញឹក ប៊ុនឆៃ យកទៅសួរចម្លើយពាក់ព័ន្ធនឹងការទទួលផលពីការផលិតគ្រឿងញៀនកាលពីឆ្នាំ២០០៧ ទៅតាមដីកាបញ្ជារបស់សាលាដំបូងរាជធានីភ្នំពេញ។ លោកបន្ថែមថា ការឃាត់ខ្លួនលោក ញឹក ប៊ុនឆៃ មិនជាប់ពាក់ព័ន្ធនឹងការដកតំណែង ឬហេតុផលនយោបាយណាមួយនោះទេដោយ លោកអះអាងថា ការឃាត់ខ្លួននេះ គឺកើតចេញពីបទល្មើសគ្រឿងញៀន ដែលនៅពេលនោះជំនួយការរបស់លោក ញឹក ប៊ុនឆៃ ម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំ ។
«ករណីហ្នឹងកើតឡើងតាំងនៅត្រែងត្រយឹងលើកណាម្តងយើងចាប់ជនល្មើសប៉ុន្មាននាក់ដែលផលិត ATS អំហ្វេតាមីន ដីមានប៉ុន្មានហិកតា ហើយដីហ្នឹងដីគាត់។ ហើយអ្នកដែលធ្វើការងារហ្នឹង គឺអាជំនួយការជួយគាត់ ទីប្រឹក្សាគាត់ ហើយដល់វាជាប់គុកទៅវាឆ្លើយដាក់តាំងពីហ្នឹងមក។ ពេលឥឡូវហ្នឹងពេលយើងបន្តនីតិវិធីទៅយើងឃើញថាគាត់មានករណីពាក់ព័ន្ធទទួលផល ទទួលអញ្ចឹងមែន។ ការបើកដៃ ហើយរហូតដល់មានគេប្រុងទៅចាប់អាជុង [ជំនួយការលោក ញឹក ប៊ុនឆៃ] ហ្នឹង គាត់បញ្ចេះឲ្យអាហ្នឹងរត់ទៅទៀត ដូច្នេះវាអត់មានពាក់ព័ន្ធអីនឹងការអស់អំណាចអីទេ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃថា ការឃាត់ខ្លួនលោកញឹក ប៊ុនឆៃមិនពាក់ព័ន្ធនឹងរឿងនយោបាយ
Reviewed by bctkhmer
on
August 15, 2017
Rating:

No comments
Post a Comment